ក្រុង​ខ្មែរ​លេច​រូបរាង​នៅ​សហ​រដ្ឋ​អាមេរិក

ដោយ ផន រីណា៖ វិទ្យុ អាស៊ីសេរី

ទីក្រុង​ថ្មី​របស់​ខ្មែរ​ឈ្មោះ ខេមបូឌា ថោន (Cambodia Town) នៅ​ក្នុង​ក្រុង​ឡងប៊ិច (Long Beach) រដ្ឋ​កាលីហ្វ័រញ៉ា (California) សហរដ្ឋ​អាមេរិក ត្រូវ​បាន​ពលរដ្ឋ​ខ្មែរ​សម្ដែង​ការ​អបអរ​សាទរ​យ៉ាង​ខ្លាំង​ ក្នុង​ទិវា​លើក​ផ្លាក​សញ្ញា​ជា​ផ្លូវការ​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​កក្កដា ឆ្នាំ​២០១១។

គេហទំព័រ​ក្រុង​ខ្មែរ (Cambodia Town)

លោក សាន រីជឺរ (Richer San) អនុ​ប្រធាន​ទី​មួយ​ក្រុមហ៊ុន​ខ្មែរ ឬ​ហៅ​ថា Cambodia Inc. មាន​ប្រសាសន៍​ថា លោក​មាន​មោទនភាព​ណាស់​ដែល​ពលរដ្ឋ​ខ្មែរ​ត្រូវ​បាន​អាជ្ញាធរ​ក្រុង​ឡងប៊ិច អនុញ្ញាត​ឲ្យ​មាន​ទីក្រុង​ខ្មែរ​សម្រាប់​ទីផ្សារ​ពាណិជ្ជកម្ម​ខ្មែរ​មួយ​ជា​ផ្លូវការ​នៅ​លើ​ទឹក​ដី​អាមេរិក ហើយ​ថា តំណាង​សហគមន៍​ខ្មែរ​បាន​ផ្ដើម​គំនិត​គ្នា​ស្នើ​សុំ​ច្បាប់​អនុញ្ញាត​ទទួល​ស្គាល់​ជា​ផ្លូវការ​អស់​រយៈពេល​ជាង ១០​ឆ្នាំ​មក​ហើយ តែ​សេចក្ដី​សម្រេច​ជា​ផ្លូវការ និង​ដំណើរការ​ទើប​បាន​បញ្ចប់​សព្វគ្រប់​នៅ​ក្នុង​ខែ​កក្កដា ឆ្នាំ​នេះ។

លោក​មាន​ប្រសាសន៍​បន្ថែម​ថា ៖ «ដែល​យើង​ចង់​ធ្វើ​នេះ​វា​មាន​ចំណុច​សំខាន់​ច្រើន។ សំខាន់​ជាង​គេ​គឺ​យើង​ចង់​បន្ត​នូវ​វប្បធម៌​ទុក​ឲ្យ​ក្មេង​ស្រករ​ក្រោយ​កើត​នៅ​ទី​នេះ ក្មេង​កើត​នៅ​ទី​នេះ​គ្នា​អត់​ដឹង​ថា ឪពុក​ម្ដាយ​ហ្នឹង​មក​ពី​ណា មាន​ទំនៀម​ទម្លាប់​អី​ទេ។ ខេមបូឌា ថោន ដែល​យើង​បង្កើត​នេះ ដើម្បី​ថែ​រក្សា​ទំនៀមទម្លាប់​ប្រពៃណី​របស់​យើង»។

​លោក ឆាំង សុង ខ្មែរ​អាមេរិកាំង​រស់​នៅ​ក្រុង​ទីក្រុង​ឡងប៊ិច ថ្លែង​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ឡងប៊ិច​ជា​ទីក្រុង​មួយ​ប្រជុំ​ដោយ​ពលរដ្ឋ​ខ្មែរ​ច្រើន​ជាង​គេ​ក្នុង​សហរដ្ឋ​អាមេរិក ដែល​មាន​ពលរដ្ឋ​ខ្មែរ​រស់​នៅ​ជាង ៥​ម៉ឺន​នាក់។ លោក​ថា ការ​បើក​តំបន់​សេដ្ឋកិច្ច និង​វប្បធម៌​ក្រុង​ខ្មែរ​នេះ ជា​ទីក្រុង​ខ្មែរ​ទី​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​នៅ​លើ​ពិភពលោក​ហើយ ចាប់​តាំង​ពី​លោក​ដឹង​ក្ដី​មក។

លោក​ថា ទីក្រុង​ដែល​មាន​ឈ្មោះ​ខ្មែរ​នេះ​ផ្ដល់​ប្រយោជន៍​ដល់​ពលរដ្ឋ​ខ្មែរ​ជា​ច្រើន ៖ «ទីក្រុង​ខ្មែរ​ហ្នឹង​វា​មាន​គោលបំណង​ធំ​ជា​ផ្លូវការ​ពីរ។ ទី​១ ដើម្បី​រក្សា​ចែកចាយ​វប្បធម៌​ខ្មែរ​យើង​ទៅ​អាមេរិកាំង​បរទេស​ឯ​ទៀតៗ​ទាំង​អស់។ ទី​២ ធំ​បំផុត​ទៀត គឺ​ជា​កន្លែង​ដែល​លើក​ស្ទួយ​ខ្មែរ​យើង​ឲ្យ​បាន​រក​ស៊ី​ចម្រុងចម្រើន​ក្នុង​សហរដ្ឋ​អាមេរិក។ គោលបំណង​មួយ​ទៀត​សម្រាប់​ខ្ញុំ​ដែល​យល់​ផ្ទាល់ វា​ជា​ស្ពាន​ធំ​ណាស់​ដែល​ចម្លង​ខ្មែរ​យើង​នៅ​សហរដ្ឋ​អាមេរិក និង​ខ្មែរ​នៅ​កម្ពុជា​ឯ​ណោះ មិន​ដែល​មាន​ទេ​ក្នុង​ប្រវត្តិសាស្ត្រ​រឿង​នេះ​រឿង​ធំ​ណាស់»។

ចំពោះ​ការ​អបអរ​សាទរ និង​ការ​លើក​ផ្លាក​សញ្ញា​នេះ ម្ចាស់​ហាង​ខ្មែរ វ៉ែនហេង អ្នកស្រី អ៊ីម ផល្លា មាន​ប្រសាសន៍​ថា អ្នកស្រី​សប្បាយ​ចិត្ត​ណាស់ ដោយសារ​អ្នកស្រី​មាន​ហាង​លក់​ម្ហូប​អាហារ​ខ្មែរ​ដ៏​ធំ​នៅ​ទី​នេះ​សម្រាប់​បម្រើ​សហគមន៍​ខ្មែរ​ដូច​នៅ​ស្រុក​ខ្មែរ​ដែរ ៖ «សប្បាយ​ចិត្ត​ណាស់ មាន​មោទនភាព​យ៉ាង​ខ្លាំង​ដែល​ខ្មែរ​យើង​មាន​ឈ្មោះ​ថា ក្រុង​ខ្មែរ​នៅ​ឡងប៊ិច នៅ​ក្នុង​អាមេរិក​នេះ។ ខ្ញុំ​ភ្ញៀវ​ខ្មែរ​ខ្ញុំ ៩០​ភាគរយ​ខ្មែរ និយាយ​តែ​ខ្មែរ ឮ​តែ China Town (ក្រុង​ចិន), Korea Town (ក្រុង​កូរ៉េ) ឥឡូវ​ខ្មែរ​យើង​មាន​តំណាង​ខ្មែរ​នៅ​អាមេរិក​ហ្នឹង ខ្ញុំ​សប្បាយ​ចិត្ត»។

អតីត​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ទីក្រុង​ខ្មែរ ឬ Cambodia Town ក្នុង​ក្រុង​ឡងប៊ិច អ្នកស្រី សាន សុទ្ធា មាន​ប្រសាសន៍​ដែរ​ថា មុន​នឹង​បាន​ទទួល​ច្បាប់​អនុញ្ញាត​ទទួល​ស្គាល់​ពេញលេញ​ពី​អាជ្ញាធរ​នេះ ពលរដ្ឋ​ខ្មែរ​នៅ​ទី​នោះ​បាន​ប្រឹងប្រែង​ជួយ​គ្នា​យ៉ាង​ពេញ​ទំហឹង រិះរក​មធ្យោបាយ​ដើម្បី​ឲ្យ​បាន​ការ​ទទួល​ស្គាល់​ជា​ផ្លូវ​ការ។

អ្នកស្រី សាន សុទ្ធា បន្ត​ដូច្នេះ ៖ «ចំពោះ​ខ្លួន​ខ្ញុំ​ផ្ទាល់​គឺ​ថា យើង​មាន​សេចក្ដី​រំភើប ហើយ​យើង​មាន​មោទនភាព​ជា​ខ្លាំង ពីព្រោះ​កិច្ចការ​អស់​នេះ​គឺ​ថា ដែល​យើង​ធ្វើ​ហ្នឹង គឺ​ថា មិន​មែន​បាន​មក​ស្រួល​ទេ ហើយ​ក្នុង​រយៈពេល​បើ​យើង​គិត​អំឡុង​ពេល​ទៅ គឺ​ថា តាំង​ពី​ក្រុម​ខ្មែរ​យើង​បាន​ចាប់​ផ្ដើម​មក គឺ​តាំង​ពី​២០០១ ​ហើយ​រហូត​ដល់​ទៅ​២០១១ បើ​និយាយ​ពី​ភ្នំពេញ គឺ​ឡងប៊ិច​នេះ​ហើយ​ជា​ទី​ពីរ ក្រៅ​ពី​ភ្នំពេញ»។

តំបន់​សេដ្ឋកិច្ច និង​វប្បធម៌​ក្រុង​ខ្មែរ Cambodia Town, Inc ស្ថិត​នៅ​ផ្លូវ​អាណាហែម លេខ​២២១០ E ជាន់​ទី​មួយ លេខ​១០៣ ក្រុង​ឡងប៊ិច រដ្ឋ​កាលីហ្វ័រញ៉ា សហរដ្ឋ​អាមេរិក។ ទីក្រុង​នេះ​បាន​បើក​ពិធី​អបអរ​សាទរ​លើក​ផ្លាក​សញ្ញា​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​១៦ ខែ​កក្កដា ឆ្នាំ​២០១១ ដែល​មាន​មនុស្ស​ចូល​រួម​ប្រមាណ​ជាង ១០០​នាក់៕

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: